អំពីយើង


ខេត្តប៉ៃលិន ៖ មានចំការដំណាំហូបផ្លែសាវម៉ាវជាច្រើនកន្លែង ដែលកសិករបានដាំ នៅក្បែរៗ មាត់អូរ និងនៅតាមផ្លូវទៅរមណីយដ្ឋានជាដើម
ហើយរហូតមកដល់ពេលនេះកំពុងតែលូតលាស់ ចេញត្រួយផ្កា និងក្តិបមួយចំនួនហើយ មិនត្រឹមតែប៉ុណ្ណោះរសជាតិក៏ផ្អែមឆ្ងាញ់ ដូចអ្វីដែលបទចំរៀងពីដើមបានតែងនិពន្ធមែន ហើយកំពុងតែទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្ពោះទៅរមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានអាងជីវចក់ នាំគ្នាចូលទិញហូបយ៉ាងសប្បាយរីករាយ ។
លើសពីនេះនៅក្នុងចម្ការសាវម៉ាវមួយកន្លែងទៀត ក្លាយទៅជារមណីយដ្ឋានចម្ការសាវម៉ាវ ដែលក្នុងចំការនេះ មានទេសភាពស្រស់ស្អាតគួរឱ្យចង់គយគន់ ហើយផ្លែសាវម៉ាវ ក៏មានរសផ្អែមឆ្ងាញ់ ដែលទាក់ទាញ ឱ្យភ្ញៀវទេសចរទិញយកទៅទទួលទានស្ទើរគ្រប់ៗ គ្នាផងដែរ ។
  ប្រភពព័ត៌មានពីកម្មករចាំចំការមួយចំនួនបានឱ្យដឹងថា ចំការដំណាំសាវម៉ាវ ដែលកំពុងតែលូតលាស់ ចេញផ្កាក្តិបនេះ ប្រហែលជាប៉ុន្មានខែខាងមុខ នឹងប្រមូ លផលហើយ គឺស្ថិតនៅក្បែរផ្លូវក្រាលកៅស៊ូវ១កន្លែង ឆ្ពោះទៅរមណីយដ្ឋានចំការខ្នុរ និងហួសរមណីយដ្ឋានចម្ការខ្នុរ នៅក្នុងភូមិរោងចក្រ ភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។

 ប្រភពបន្តទៀតថា គេបានដាំសាវម៉ាវអស់រយ:ពេលជាយូរឆ្នាំមកហើយ ក៏ទទួលផលច្រើនដងច្រើនសាររួចមកដែរ ដោយរៀងរាល់ឆ្នាំ ឱ្យតែដល់រដូវប្រមូលផល គេតែងតែឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទិញទទួលទានស្ទើររាល់ថ្ងៃតែម្តង ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
  ប្រភពដដែលបញ្ជាក់ទៀត ឱ្យដឹងថា នៅក្នុងចំការដ៏ធំល្វឹងល្វើយប៉ុន្មានកន្លែងខាងលើ មានដើមសាវម៉ាវ ប្រមាណជាង២០០ដើម ដែលម្ចាស់បានដាំ ហើយដាក់ជីធម្មជាតិ ដូចជាលាមកគោ និងមាន់ជាដើម ដោយមិនប៉ះពាល់ដល់សុខភាពនោះឡើយ ហើយផ្លែវិញក៏មានលក្ខណ:ធំៗ ថ្លុស ល្អ និងមានរសជាតិផ្អែមឆ្ងាញ់គួរឱ្យចង់ទទួលទាន មិនដូចផ្លែសាវម៉ាវនាំចូលមកពីប្រទេសជាតិខាង ដែលគេព្រួយបារម្ភក្រែងមានជាតិគីមីនោះឡើយ ។ លើសពីនេះ ក្នុង១ឆ្នាំៗ ម្ចាស់ចម្ការនីមួយៗមិនធ្លាប់បេះយកទៅលក់នៅឯផ្សារ ឬកន្លែងណាឆ្ងាយនោះឡើយ គ្រាន់តែទុំភ្លាមមានភ្ញៀវទេសចរ ចូលទៅទិញដល់ចំការ ហើយក្នុង១ថ្ងៃៗបេះលក់បានរាប់រយគីឡូ ដោយក្នុង១គីឡូក្រាមតម្លៃ៥០០០រៀល ។
  បើតាមសម្តីរបស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា នៅ ទូទាំងខេត្តប៉ៃលិន កសិករដាំបានសាវម៉ាវសរុបចំនួន៤៥ហិកតា ហើយក៏ផ្លែទុំលក់ជារៀងរាល់ឆ្នាំ ដោយលក់ចែកចាយតែនៅក្នុងស្រុកប៉ុណ្ណោះ ។
លោកបន្តទៀតថា ផ្លែសាវម៉ាវទាំងអស់នេះ កសិករ តែងតែប្រើជីធម្មជាតិ ដោយជីគីមីត្រឹមតែ១៥%ប៉ុណ្ណោះ ហើយក៏មានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលបទចម្រៀងនិពន្ធ ហើយក៏គួរឱ្យចង់ហូប ដោយក្នុងរយ:ពេល១ឆ្នាំៗ កសិករប្រមូលផលម្តង បើគិតទិន្នន័យសរុបទៅជាគីឡូក្នុង១រដូវនាឆ្នាំ២០១៨កន្លងទៅ គឺទទួលបានប្រហែល១២៩តោន ៕ ដោយ ៖ នីយ៉ា

Post a Comment

0 Comments